PPAP បាន​បង្កើន​​ល្បឿន​​នៅក្នុង​ការ​ពង្រីក​ផែ​កុងតឺន័រ

ភ្នំពេញៈ ប្រតិបត្តិករ​កំពង់ផែ​ក្រុង​ភ្នំពេញ​​កំពុង​បង្កើន​ល្បឿន​ផែនការ​ពង្រីក​ចំណត​ផែ​របស់​ខ្លួន​ដើម្បី​ធានា​ដល់​កំណើន​នាវា​ដឹក​កុងតឺន័រ​ខណៈ​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​នេះ​មាន​ការ​កើនឡើង​។
លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPAP) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​​កំពង់ផែ​ដំណើរការ​ដោយ​រដ្ឋ​មួយ​នេះ​បាន​ចាប់ផ្តើម​ដំណាក់កាល​ទី​ពីរ​នៃ​ការ​ពង្រីក​ទីលាន​ស្តុក​កុងតឺន័រ​ក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការ​អភិវឌ្ឍ​ចំណត​ផែ​ថ្មី​មុន​ពេល​កំណត់​។ ផែនការ​អភិវឌ្ឍន៍​ទឹកប្រាក់​​ ១២ ​លាន​ដុល្លារ​នេះ​គឺ​ដើម្បី​​​​បង្កើន​​សមត្ថភាព​ទ្វេដង​របស់​ចំណង​ផែ​ថ្មី​ដែល​មាន​ទីតាំង​​នៅ​ខេត្ត​កណ្តាល​នេះ។
លោក​បាន​​ថ្លែង​ថា​៖ «​គម្រោង​នេះ​បាន​ចាប់ផ្ដើម​រួច​ហើយ​​កាលពី​ឆ្នាំ​ ២០១៥ ដោយសារ​យើង​បារម្ភ​ថា​យើង​នឹង​មិន​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​កុងតឺន័រ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​នេះ​»​។
បច្ចុប្បន្ន​ចំណត​ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ទីលាន​ស្តុក​កុងតឺន័រ​ចំនួន​ ៤ កន្លែង​មាន​សមត្ថភាព​ទទួល​បាន​កុងតឺន័រ​បាន​ចំនួន ​១៥ ម៉ឺន​ធីអ៊ីយូ​ក្នុង​មួយ​ឆ្នាំ​ហើយ​ចំនួន​នឹង​កើនឡើង​ទ្វេដង​រហូត​ដល់​ ៣០ ម៉ឺន​ធីអ៊ីយូ​ក្នុង​មួយ​ឆ្នាំ​នៅ​ដំណាច់​ឆ្នាំ​ ២០១៨។
លោក​ថ្លែង​ថា​កំពង់ផែ​កុងតឺន័រ​នេះ​បាន​ទទួល​កុងតឺន័រ​ ១៤៥ ០០០​ ធីអ៊ីយូ កាលពី​ឆ្នាំ​មុន​ហើយ​វា​នឹង​កើនឡើង​ទៀត​នៅ​​ឆ្នាំ​នេះ​ដែល​លើស​ពី​សមត្ថភាព​ ១៥ ម៉ឺន​​ធីអ៊ីយូ​ក្នុង​មួយ​ឆ្នាំ​។
លោក​បន្ថែម​ថា​៖ «​យើង​បារម្ភ​ថា​ក្នុង​ឆ្នាំ​ ២០១៦​ យើង​​នឹង​កើនឡើង​ដល់​ ១៦ ម៉ឺន​ធីអ៊ីយូ​លើស​​ពី​សមត្ថភាព​ដែល​​យើង​មាន​»​។
លោក​បញ្ជាក់​ថា PPAP នឹង​ប្រើប្រាស់​មូលនិធិ​សម្រាប់​អភិវឌ្ឍ​នៅ​ដំណាក់កាល​ទី​ពីរ​នៃ​ការ​ពង្រីក​កំពង់ផែ​កុងតឺន័រថ្មី​នេះ​ដែល​​គ្រោង​​​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៧​។
ក្រុមហ៊ុន​​រក​ប្រាក់​បាន​​ ៥,២ ​លាន​ដុល្លារ​ដោយ​ជោគជ័យ​នៅក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) ​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​​ កាលពី​ខែ​ធ្នូ​ហើយ​នឹង​ប្រើប្រាស់​ចំណូល​ ១៥ ​លាន​​ដុល្លារ​ដែល​រក​បាន​ឆ្នាំ​ ២០១៥ មួយ​ផ្នែក​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ។
លោក​បាន​ថ្លែង​ថា​៖ «​យើង​នឹង​ប្រើប្រាស់​ប្រាក់​ចំណូល​របស់​យើង​ពី​ឆ្នាំ​ ២០១៥ និង​បាន​ពី​ IPO ដើម្បី​ផ្ដល់​​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ​។ យើង​មិន​ត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ផ្សេង​ទៀត​នោះ​ទេ​យើង​មាន​គ្រប់គ្រាន់​ហើយ​​»​។
ជាមួយ​នឹង​​កំណើន​ការ​ចរាចរណ៍​កុងតឺន័រ​ឆ្លង​កាត់​ផែ​ពី ១០ ​ដល់​ ២០ ​ភាគរយ​​ក្នុង​មួយ​ឆ្នាំ​កំពង់ផែ​នេះ​កំពុង​សម្លឹង​មើល​​ការ​ពង្រីក​ដំណាក់​កាល​ទី​​ ៣​ ដែល​នឹង​បង្កើន​សមត្ថភាព​ឆ្លងកាត់​ប្រចាំ​ឆ្នាំ​​ដល់​ ៥០ ម៉ឺន​ធីអ៊ីយូ​នៅ​ត្រឹម​ឆ្នាំ​ ២០២៨ ​។​ គម្រោង​នេះ​​នឹង​មាន​ទីលាន​ស្តុក​កុងតឺន័រ​​នៅ​​លើ​ផ្ទៃដី​ ១០ ​ហិកតា​ដែល​​បាន​គ្រប់គ្រង​ដោយ PPAP នៅ​ភាគ​ខាង​លិច​ចំណត​ផែ​ដែល​មាន​ស្រាប់​។
លោក បាវី បញ្ជាក់​ថា​ PPAP កំពុង​ពិចារណា​ពី​ជម្រើស​​ក្នុង​ការ​​ផ្ដល់​ហិរញ្ញប្បទាន​ ៣០ ​លាន​ដុល្លារ​ដើម្បី​ពង្រីក​គម្រោង​ដែល​អាច​បាន​ពី​កម្ចី​ការ​ប្រាក់​ទាប​ និង​​បន្ថែម​ចុះ​បញ្ជី​លក់​។
លោក​ថ្លែង​ថា​៖ «​ជម្រើស​ដំបូង​នឹង​ចុះ​បញ្ជី​​លក់​ប្រហែល​ពី​ ១០ ​​​ដល់​​ ២០ ​ភាគរយ​ក្នុង​ចំណោម​ភាគហ៊ុន​យើង​ [នៅ​លើ​CSX] ហើយ​និង​ស្វែងរក​ដើមទុន​បន្ថែម​ទៀត​ប៉ុន្តែ​យើង​នឹង​​​មើល​ជា​មុន​ថា​តើ​កំណើន​ពាណិជ្ជកម្ម​ដូចម្ដេច​ និង​តម្រូវ​សម្រាប់​ការ​ពង្រីក​»​។
PPAP ដែល​ជា​ប្រតិបត្តិករ​កំពង់ផែ​ឈាន​មុខ​គេ​ទី​ពីរ​របស់​ប្រទេស​នេះ​ហើយ​ក៏​ជា​ក្រុមហ៊ុន​ទី​ ៣ ​ដែល​​ចុះ​បញ្ជី​នៅ​លើ​ CSX ដោយ​​ដាក់​​លក់​ភាគហ៊ុន​ ២០ ​ភាគរយ​៕ LA

Comments

Popular posts from this blog

កាស៊ីណូ NagaCorp បន្ថែម​ឈ្មោះ​ជា​ភាសា​ចិន